<អត្ថបទ> | ១០ កាលពួកចៅហ្វាយនៃស្រុកយូដា បានឮសេចក្តីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅឯព្រះវិហារនៃព្រះយេហូវ៉ា រួចអង្គុយចុះត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា ១១ នោះពួកសង្ឃ និងពួកហោរា គេជំរាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់ ១២ រួចយេរេមាលោកក៏ជំរាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា ព្រះយេហូវ៉ា ទ្រង់បានចាត់ខ្ញុំ ឲ្យមកទាយប្រាប់អស់ទាំងពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយនឹងទីក្រុងនេះ ១៣ ដូច្នេះ ចូរកែផ្លូវ និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ នោះព្រះយេហូវ៉ាទ្រង់នឹងប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ ១៤ តែឯខ្លួនខ្ញុំនេះ ខ្ញុំនៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អហើយទៀងត្រង់ចុះ ១៥ ប៉ុន្តែត្រូវឲ្យដឹងពិតថា បើអ្នករាល់គ្នាសំឡាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រាប់ពាក្យទាំងនេះ នៅត្រចៀកអ្នករាល់គ្នាជាពិត។១៦ នោះពួកចៅហ្វាយ និងជនទាំងឡាយ ក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងទេតើ ១៧ រួចមានពួកចាស់ទុំខ្លះក្នុងស្រុក គេក្រោកឡើងប្រាប់ដល់ប្រជុំជនថា ១៨ មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះ គេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចំការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ ១៩ ចុះតើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសំឡាប់លោកឬអី តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬអី ឯព្រះយេហូវ៉ា ទ្រង់ក៏ប្រែគំនិតចេញពីសេចក្តីអាក្រក់ ដែលទ្រង់បានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះយើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។២០ មួយទៀតក៏មានម្នាក់ដែលទាយដោយនូវព្រះនាមព្រះយេហូវ៉ា ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះទាយទាស់នឹងទីក្រុង ហើយនឹងស្រុកនេះ តាមអស់ទាំងពាក្យរបស់យេរេមាដែរ ២១ លុះកាលស្តេចយេហូយ៉ាគីម ព្រមទាំងមនុស្សខ្លាំងពូកែរបស់ទ្រង់ និងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះហើយ នោះស្តេចក៏រកសំឡាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង នោះក៏ភ័យ ហើយបានរត់ទៅឯស្រុកអេស៊ីព្ទ ២២ តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្ស ឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀត ឲ្យទៅជាមួយ ២៣ អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សំឡាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ ២៤ ប៉ុន្តែអ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > យេរេមាបានតបតដោយពាក្យសម្តីតាមព្រះបន្តូល នៅវេលានោះលោកយេរេមាបាននិយាយការពារខ្លួនដោយលើកឡើងថា គាត់គ្រាន់តែនិយាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ តែគាត់ពិតប្រាកដជាចង់អោយរាស្ដ្រប្រែចិត្ដ ព្រោះមានតែធ្វើដូច្នោះទេទើបអាចសង្គ្រោះគេបាន។អ្នកដឹកនាំសំខាន់ៗនិងមន្រ្ដីគ្រប់គ្រងទីក្រុងក៍ទទួលយកការបកស្រាយរបស់គាត់ ពួកគេបាននិយាយបន្ថែមថា រាស្ដ្រគួរយកចិត្ដទុកដាក់ចំពោះការព្រមាននេះល្អជាងចង់សម្លាប់យេរេមា ហើយបើពួកគេប្រែចិត្ដ ពួកគេនឹងគេចផុតពីមហន្ដរាយបាន។ពួកគេគួរធ្វើតាមស្ដេចអង្គមុនរបស់យូដា គឺស្ដេចហេសេគា ដែលតែងតែតាំងព្រះទ័យស្ដាប់ពាក្យរបស់ពួកហោរា។នៅពេលនោះលោកយេរេមាបានគេចផុតពីក្ដីស្លាប់តែមានហោរាម្នាក់ទៀតដែលនិយាយស្រដៀងលោកដែរតែមិនបានគេចផុតឡើយ។ហោរានោះឈ្មោះអ៊ូរីយ៉ាគាត់បានដឹងពីការគំរាមកំហែងដល់ជីវិតរបស់គាត់ ហើយបានគេចខ្លួនទៅអេស៊ីពប៉ុន្ដែស្ដេចយេហូយ៉ាគីមដ៏កំណាចបានចាប់គាត់យកមកក្រុងយេរ៉ូសាឡិមហើយសម្លាប់គាត់ចោល។ហេតុដែលលោកយេរេមាបានរួចពីគ្រោះថ្នាក់នេះគឺដោយសារលោកអ័ហ៊ីកាមដែលជាមិត្ដភក្ដិដ៏ស្មោះត្រង់របស់គាត់។លោកអ័ហ៊ីកាមនេះគឺប្រហែលជាគាត់ជាមន្ដ្រីម្នាក់មានតួនាទីសំខាន់ក្នុងព្រះបរមរាជវាំង(២.ពង្ស ២២:១១-១៤)។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |