១ នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ពីដំណើរបណ្តាជន នៅស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទី៤ នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា (ឆ្នាំនោះជាឆ្នាំដំបូង នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន) ២ជាសេចក្តីដែលហោរាយេរេមាបានប្រាប់ដល់បណ្តាជននៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់ថា ៣ ចាប់តាំងពីឆ្នាំទី១៣ ក្នុងរាជ្យយ៉ូសៀសជាបុត្រអាំម៉ូន ស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ គឺអស់២៣ឆ្នាំនេះហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ហើយខ្ញុំបានទាំងក្រោកពីព្រលឹមស្រាងប្រាប់ដល់អ្នករាល់គ្នាផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ ៤ ឯព្រះយេហូវ៉ាទ្រង់បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់ទ្រង់ ឲ្យមកឯអ្នករាល់គ្នាដែរ គឺបានក្រោកពីព្រលឹមស្រាងនឹងចាត់គេផង តែអ្នករាល់គ្នាមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកនឹងស្តាប់សោះ ៥ ទ្រង់បានមានព្រះបន្ទូលថា ចូរឲ្យអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់ឯង និងពួកឰយុកោឯង ចាប់តាំងពីបុរាណ ហើយសំរាប់ជាដរាបតទៅ ៦ កុំឲ្យទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វាឡើយ ក៏កុំឲ្យបណ្តាលឲ្យអញខឹង ដោយសារការដែលដៃឯងរាល់គ្នាធ្វើដែរ យ៉ាងនោះអញនឹងមិនប្រទូស្តដល់ឯងរាល់គ្នាទេ ៧ ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ គឺជាការដែលនាំឲ្យអញខឹង ដោយសារការដែលដៃឯងបានធ្វើវិញ ឲ្យអញបានប្រទូស្តដល់ឯង ៨ ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមពាក្យអញ ៩ នោះមើល អញនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង អញនឹងបំផ្លាញពួកស្រុកនេះអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីខូចបង់នៅអស់កល្បជានិច្ច ១០ មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ និងសំឡេងរីករាយ សំឡេងប្តីប្រពន្ធថ្មោងថ្មី និងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ ១១ ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ។១២ លុះដល់គ្រប់៧០ឆ្នាំនោះហើយ នោះអញនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ នោះអញនឹងធ្វើឲ្យស្ងាត់ជ្រងំជាដរាបទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ១៣ អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន ១៤ ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ និងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។ សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាច៧០ឆ្នាំ បាប៊ីឡូនបានវាយឈ្នះនឹងគ្រប់គ្រងស្រុកអេស៊ីពនៅឆ្នាំ605មុនគ.ស។ហេតុនោះហើយទើបធ្វើអោយយូដាស្ថិតនៅក្រោមការត្រួតត្រារបស់បាប៊ីឡូនដោយផ្ទាល់ជាលើកទី១។គ្រានោះយេរេមាឃើញការទស្សន៍ទាយរបស់គាត់ បានក្លាយទៅជាការពិតដោយផ្ទាល់ភ្នែក។លោកបានរំលឹកយូដាថា គាត់បានផ្សាយអំពីដំណឹងនេះអស់រយៈពេលជាង២០ឆ្នាំហើយតែពួកគេមិនស្ដាប់គាត់សោះ។ លោកបានប្រាប់អោយពួកគេឆាប់បែរចេញពីអំពើបាបហើយត្រឡប់មកការថ្វាយបង្គំព្រះជាម្ចាស់វិញនោះព្រះនឹងអនុញ្ញាតអោយគេរស់នៅលើទឹកដីរបស់គេជាបន្ដដដែល ប៉ុន្ដែពួកគេបែជាធ្វើព្រងើយចំពោះពាក្យសំដីគាត់ហេតុនោះព្រះនឹងដាក់ទណ្ឌកម្មយូដា។យូដានឹងបាត់បង់នូវក្ដីសប្បាយរីករាយ និងទឹកដីព្រមទាំងនឹងជួបប្រទះភាពវិនាស។យូដានឹងរស់នៅក្រោមការគ្រប់គ្រងរបស់បាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។ទោះបីជាយ៉ាងណា ពួកបាប៊ីឡូនមិនអាចធ្វើអ្វីតាមតែចិត្ដរបស់ខ្លួនឡើយ ប្រសិនគេធ្វើអ្វីមួយដែលបង្ហាញថា ពួកគេមានអំណាចខ្លាំងជាងព្រះនោះពួកគេនឹងជួបនៅការបំផ្លាញចោលដែរ។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ | |