< អានអត្ថបទ > | ១០ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា ១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្តីល្អទៅមុខពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។១២ តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើងហើយនឹងលង្ហិនបានឬទេ ១៣ ឯធនធាន និងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង ១៤ អញនឹងឲ្យឯងឆ្លងទៅជាមួយនឹងពួកខ្មាំងសត្រូវឯង ដល់ស្រុក១ដែលឯងមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្តីកំហឹងរបស់អញ ភ្លើងនោះនឹងឆេះដល់ឯងរាល់គ្នា។១៥ ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្តីដំនៀល ដោយយល់ដល់ទ្រង់ ១៦ ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់ ១៧ ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្តីគ្នាន់ក្នាញ់ ១៨ ហេតុអ្វីបានជាទូលបង្គំមានសេចក្តីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្តីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។ ១៩ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើឯងនឹងវិលមកវិញ នោះអញនឹងនាំឯងទៀត ដើម្បីឲ្យឯងបានឈរនៅមុខអញ ហើយបើឯងនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក នោះឯងនឹងបានដូចជាមាត់អញ គេនឹងវិលមកឯឯងវិញ តែឯងមិនត្រូវត្រឡប់ទៅឯគេទេ ២០ អញនឹងធ្វើឲ្យឯងជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេនឹងច្បាំងនឹងឯង តែមិនអាចនឹងឈ្នះបានទេ ដ្បិតអញនៅជាមួយនឹងឯងដើម្បីនឹងជួយសង្គ្រោះហើយប្រោសឯងឲ្យរួចនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ២១ អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ទុក្ខលំបាករបស់យេរេមា លោកយេរេមាបានរទូរទាំម្ដងទៀតដោយសារតែរឿងអយុត្ដិធម៌ដែលគាត់បានទទួល។គាត់មិនដែលធ្វើការអាក្រក់ចំពោះអ្នកណាម្នាក់ទេ ហើយការពិត ថែមទាំងបានទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេទៀត ប៉ុន្ដែណពួកគេបែរជាស្អប់គាត់ទៅវិញ។គេខឹងនឹងគាត់ ពីព្រោះគាត់បានបើកកកាយអំពើបាបរបស់ពួកគេ ហើយចេះតែប្រកាសពីព្រះបន្ទូលរបស់ព្រះពីការជំនុំជម្រះ។ព្រះមានបន្ទូលថា នឹងមានសត្រូវចូលមកឈ្លានពានឆក់ប្លន់ទ្រព្យសម្បត្ដិ។លោកដឹងថា ព្រះបានដឹងគ្រប់រឿងរ៉ាវទាំងអស់ គាត់សុំអោយព្រះអង្គការពារគាត់ពីសេចក្ដីស្លាប់ ហើយបំផ្លាញ់អ្នកដែលយាយីគាត់ផង។លោកយេរេមាមានភាពសប្បាយជាខ្លាំងដែលបានធ្វើជាអ្នកនាំសា នាំព្រះបន្ទូលរបស់ព្រះទៅកាន់ប្រជារាស្ដ្របានឮពីពត៌មាននោះហើយ និងដឹងថា គាត់ខឹងនឹងពួកគេដោយសារអំពើបាបរបស់ពួកគេ។នៅពេលយេរេមាធ្លាក់ទឹកចិត្ដ ហើយកណ្ដោចកណ្ដែង គាត់គិតថា សូម្បីតែព្រះក៍បោះបង់គាត់ចោលដែរ។អារម្មណ៍យល់ថា គាត់ជាមនុស្សម្នាក់ដែលកំពុងតែស្រេកទឹក ប៉ុន្ដែពេលដែលបានមកដល់អូរមួយ ស្រាប់តែអូរនោះបែជាគ្មានទឹកទៅវិញ។ព្រះបានប្រាប់គាត់វិញថា អោយគាត់ឈប់និយាយពាក្យមិនបានការ ដែលធ្វើអោយកំសត់ខ្លួននោះតទៅទៀត គាត់ត្រូវតែនិយាយពាក្យចាំបាច់ ក្នុងនាមជាអ្នកបម្រើដ៍ស្មោះត្រង់របស់ព្រះអង្គ។គាត់មិនត្រូវយកគំរូដូចមនុស្សទាំងនោះទេ គឺពួកគេទេដែលត្រូវយកគំរូតាមគាត់វិញ។បើពួកគេនៅតែប្រឆាំងនឹងគាត់ព្រះនឹងការពារគាត់ជាមិនខានឡើយ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |