| ១៣ នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្តីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្តីសុខនៅទីនេះជាពិត ១៤ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្តីឥតប្រយោជន៍ទទេ ហើយជាសេចក្តីបញ្ឆោតនៃចិត្តខ្លួនគេវិញ ១៥ ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងសេចក្តីអំណត់អត់នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ និងសេចក្តីអំណត់នោះឯង ១៦ ហើយពួកជនដែលគេបានទាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្តីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ ១៧ ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់ ១៨ បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។១៩ តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬតើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្តីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្តីភ័យវិញ ២០ ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត ២១ សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ ២២ ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះយើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។ |